គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០១៩ ដែលមានការចូលរួមដោយពាណិជ្ជករខ្មែរ ប្រាំមួយរូប (៦រូប) ហើយបានទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២០ ប៉ុន្តែដោយសារមានការរីករាលដាលនៃជម្ងឺកូវីដ-១៩ គ្រឹះស្ថានមិនអាចដំណើការបាននោះទេ។ក្រោយមកគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក បានចាប់ផ្តើមដំណើរប្រតិបត្តិការដំបូងរបស់ខ្លួននៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២២ នៅខេត្តបន្ទាយមានជ័យ មានទីតាំងស្ថិតនៅអគារលេខ ៦៦៨ ផ្លូវជាតិលេខ ៥ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានតែមួយការិយាល័យ ហើយធ្វើប្រតិបត្តិការតែនៅក្នុងទីរួមខេត្តបន្ទាយមានជ័យ។ បន្ទាប់មកគ្រឹះស្ថាន បានបន្តពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនទៅស្រុកផ្សេងទៀត នៅទូទាំងខេត្តបន្ទាយមានជ័យ ដោយធ្វើការកំណែទម្រង់ រចនាសម្ព័ន្ធសំខាន់ៗរបស់គ្រឹះស្ថានប្រកបដោយប្រសិទ្ធភាព។

ក្នុងឆ្នាំ២០២២ នេះ គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក បានបន្ដអនុវត្ដគោលដៅចម្បង និងយុទ្ធសាស្រ្ដរបស់ខ្លួន ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេក្នុងខេត្ត និងអាចជួយបង្កើនជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការផ្តល់ឥណទានមានច្រើនជម្រើសជូនអតិថិជន ដូចជា៖ ឥណទានអាជីវកម្មខ្នាតតូចបំផុត, ឥណទានខ្នាតតូច, ឥណទានខ្នាតមធ្យម, ឥណទានកសិកម្ម, ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន, ឥណទានសម្រាប់មន្ត្រីរាជការ និងឥណទានរហ័ស ដើម្បីបំពេញនូវតម្រូវការផ្នែកហិរញ្ញវត្ថុ សម្រាប់បម្រើ និងបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន និងប្រទេសជាតិ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។
នៅក្នុងឆ្នាំ២០២២ គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក សម្រេចបាននូវលទ្ធផលហិរញ្ញវត្ថុសំខាន់ៗដូចខាងក្រោម ទោះបីទើបតែចាប់ផ្ដើមប្រតិបត្តិការក្តី៖

  • ទ្រព្យសកម្មសរុបមានចំនួន ៦.៦៣៥.០៥៨ ដុល្លារ.
  • សមតុល្យឥណទានសរុបមានចំនួន ៦.០៩៣.៥៦៦ ដុល្លារ
  • អតិថិជនសរុបមានចំនួន ៥៨៣ នាក់
  • ចំណូលប្រតិបត្តិការសរុបមានចំនួន ២៧៧,៥៧៧ ដុល្លារ

លើសពីនេះ គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក បានចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសហគមន៍ជាច្រើន ដូចជា: ផ្ដល់សម្ភារសិក្សាដល់សិស្សានុសិស្ស ផ្តល់កង់ដល់សិស្សក្រីក្រ និងផ្តល់កុំព្យូទ័រដល់សាលារៀន រួមទាំងសម្ភារជាច្រើនទៀត។

ក្នុងនាមជាអគ្គនាយកស្តីទី នៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់គ្រប់គ្រង បុគ្គលិកទាំងអស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាភិបាលសម្រាប់ការគាំទ្រ និងផ្ដល់ជាយុទ្ធសាស្រ្ដល្អៗជាច្រើន ដែលធ្វើឲ្យគ្រឹះស្ថានដំណើរទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។

ជាចុងក្រោយ ខ្ញុំក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា និយតកម្ម អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអតិថិជនទាំងអស់ដែលតែងតែគាំទ្រដល់គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក កន្លងមក។